The Explanation of the term "economic diversification" in Khmer
តើពាកថារ ពិពិធកម្មសេដ្ឋកិច្ច មានន័យថាដូចម្តេច?
បច្ចេកស័ព្ទសេដ្ឋកិច្ចថ្មីមួយដែលមានឈ្មោះថា «ពិពិធកម្មសេដ្ឋកិច្ច»។ ពិពិធកម្មជាការពង្រីកមុខព្រួញសេដ្ឋកិច្ច ឬពង្រីកមុខរបរក្នុងវិស័យធុរកិច្ច ដើម្បីព្យាយាមទាញផលចំណេញជាអតិបរមាទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ឧទាហរណ៍ ប្រសិនបើគេនិយាយអំពីពិពិធកម្មនៅក្នុងមុខរបររកស៊ីក្នុងក្របខ័ណ្ឌបុគ្គល ឬក្របខ័ណ្ឌឯកជន មានន័យថាជាការពង្រីកមុខរបររកទទួលទានឲ្យច្រើនសម្បូរបែប។ បុគ្គលម្នាក់ដែលធ្វើពិពិធកម្មមុខរបរគឺគាត់មានមុខរបរច្រើនមុខ។
ងាកមកពិពិធកម្មក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចជាតិវិញម្ដង។ ពិពិធកម្មសេដ្ឋកិច្ចជាការរិះរកវិធីពង្រីកសក្ដានុពលសេដ្ឋកិច្ចជាតិលើច្រើនវិស័យ។ ប្រទេសមួយមានយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចទៅតាមធនធានដែលមាន។ ឧទាហរណ៍ ប្រទេសដែលមានប្រេងឆៅច្រើនក្នុងដី គេវាយលុកលើវិស័យប្រេង – ប្រទេសដែលមានធនធានមនុស្ស និងធនធានធម្មជាតិ គេវាយលុកខាងវិស័យកសិកម្ម ឧស្សាហកម្ម។ល។ ក្រៅពីនេះ ប្រទេសដែលមានចំណុចខ្សោយខាងវិស័យអ្វីមួយ ក៏គេព្យាយាមពង្រីកសក្ដានុពលរបស់គេនៅក្នុងវិស័យនោះទៀត។ ឧទាហរណ៍ បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា ដែលមានប្រេងឆៅច្រើន ប៉ុន្តែលក្ខណៈភូមិសាស្ត្រមិនអំណោយផលខាងវិស័យកសិកម្ម។ គេមានផែនការណ៍វិនិយោគនៅក្នុងប្រទេសដែលសម្បូរដីដាំដំណាំ ឬមិនដូច្នេះទេ អ្នកវិនិយោគធំៗរបស់ប្រទេសទាំងនោះ ទៅបណ្ដាក់ទុននៅប្រទេសដទៃទៀត ដើម្បីរិះរកវិធីបង្កើនប្រាក់ចំណូលជូនជាតិ។
និយាយរួម ពិពិធកម្ម បើនិយាយក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឯកជន មានន័យថាជាការពង្រីកមុខរបរឲ្យកាន់តែច្រើន ដើម្បីពង្រីកប្រាក់ចំណូល។ បើគេនិយាយក្នុងក្របខ័ណ្ឌជាតិ ពិពិធកម្មសេដ្ឋកិច្ចគឺជាការរិះរកវិធីអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានសម្ទុះកាន់តែខ្លាំង តាមរយៈការពង្រីកមុខព្រួញសេដ្ឋកិច្ចលើច្រើនវិស័យ បន្ថែមលើវិស័យសក្ដានុពលដែលមានស្រាប់។ ឧទាហរណ៍ ប្រទេសមួយរីកចម្រើនខាងវិស័យកសិកម្ម ទេសចរណ៍។ល។ ប៉ុន្តែនៅខ្សោយខាងឧស្សាហកម្ម ឬធនធានមនុស្ស។ គេត្រូវពង្រីកវិស័យនោះឲ្យខ្លាំងថែមទៀត ដើម្បីស្រូបទាញប្រាក់ចំណូលយកមកលើកស្ទួយវិស័យសេដ្ឋកិច្ចជាតិ។
ពិពិធកម្មសេដ្ឋកិច្ច (economic diversification) ជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង (long-term)។ គេសង្កេតឃើញថាប្រទេសដែលមានធនធានច្រើនស្ដុកស្ដម្ភ នៅតែអាស្រ័យមួយផ្នែកធំលើប្រាក់ចំណូលដែលបានពីការយករ៉ែមានតម្លៃ ឬចំណូលពីប្រេង។ កត្តាពឹងផ្អែកតែលើធនធានធម្មជាតិរបៀបនេះ វាមិនអាចធ្វើឲ្យប្រទេសមួយរីកចម្រើនជានិច្ចនិរន្តនោះទេ ត្បិតអីធនធានធម្មជាតភាគច្រើនសុទ្ធតែជាធនធានដែលរីងស្ងួត មិនមែនជាប្រភពធនធានកកើតឡើងវិញនោះទេ (renewable energy)។ ជាញឹកញាប់ណាស់ ប្រទេសជាច្រើនមិនមានកម្មវិធីច្បាស់លាស់ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច ចំណែកអ្នកដាក់ចេញផែនការណ៍អភិវឌ្ឍ ក៏មិនសូវយល់ថាស្អីទៅជាពិពិធកម្មសេដ្ឋកិច្ច ហើយតើវាមានសារសំខាន់យ៉ាងដូចម្ដេចខ្លះ? មនុស្សភាគច្រើនមិនយល់ទេអំពីបញ្ហានេះ។ កុំសូម្បីនិយាយត្រឹមមនុស្សទូទៅ សូម្បីតែអ្នកជំនាញខ្លះក៏នៅតែមិនទាន់យល់បញ្ហានេះឲ្យបានស៊ីជម្រៅ និងអស់អាចម៍អស់នោមនៅឡើយដែរ។
មានកត្តាមួយចំនួនដែលអាចធ្វើឲ្យប្រទេសមួយយកទ្រឹស្ដីពិពិធកម្មសេដ្ឋកិច្ចទៅអនុវត្តហើយទទួលបានជោគជ័យ។ កត្តាទាំងនោះមានដូចជា ៖ ១- ឆន្ទៈ និងការប្ដេជ្ញាចិត្តក្នុងការអនុវត្តផែនការណ៍ពិពិធកម្ម ២- នយោបាយម៉ាក្រូសេដ្ឋកិច្ចច្បាស់លាស់ ៣- ការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធចែកចាយអគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធទូរគមនាគមន៍។ល។ កត្តាទាំងនេះត្រូវតែមានជាចាំបាច់ ជាមុនសិន ទើបគេអាចយកកម្មវិធីពិពិធកម្មសេដ្ឋកិច្ចទៅអនុវត្តប្រកបដោយជោគជ័យ។ បើគ្មានតម្រូវការជាមូលដ្ឋាន (basic requirements) ទាំងនេះទេ គេមិនអាចអនុវត្តពិពិធកម្មដោយរលូនបានឡើយ។
ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗ ដែលបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកបានយកទ្រឹស្ដីពិពិធកម្មសេដ្ឋកិច្ចទៅអនុវត្ត ហើយដែលប្រទេសដទៃអាចយកមកសិក្សាដកពិសោធន៍ ៖
១- ប្រទេសបូលីវី (Bolivia)
ថ្វីត្បិតប្រទេសនៅអាមេរិកឡាទីន ឬអាមេរិកខាងត្បូង ប្រទេសនេះបានអនុម័តនីតិវិធីជាច្រើនដើម្បីពង្រីកមុខព្រួញសេដ្ឋកិច្ចបន្ថែមពីលើវិស័យប្រេង ឧស្ម័ន និងរ៉ែដែលមានស្រាប់។ ប៉ុន្តែខ្លួននៅខ្វះខាតវិធានសម្រាប់កិច្ចប្រតិបត្តិ ដែលមានន័យថាមានតែច្បាប់នៅលើក្រដាស ប៉ុន្តែខ្វះការអនុវត្តក្នុងជីវិតជាក់ស្ដែង។ នេះជាចំណុចទីមួយ រីឯចំណុចមួយទៀត រដ្ឋខ្វះថវិកា។ កត្តាទាំងនេះបន្ទច់បង្អាក់ពិពិធកម្ម។
២- ប្រទេសឥណ្ឌូណេស៊ី (Indonesia)
ឥណ្ឌូណេស៊ី បើចង់ពង្រឹងពិពិធកម្មសេដ្ឋកិច្ច ត្រូវតែសម្រួលឲ្យដំណើរការក្នុងវិស័យធុរកិច្ច និងវិនិយោគប្រព្រឹត្តទៅដោយរលូន (smooth) ៖ ពង្រឹងវិស័យធនធានមនុស្ស កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (physical infrastructure) កាត់បន្ថយរបៀបធ្វើការបែបការិយាល័យនិយម (bureaucracy) ដែលទម្លាប់អនុវត្តនីតិវិធីស្មុគស្មាញ។ល។
៣- ប្រទេសអេក្វាឌ័រ (Ecuador)
អេក្វាឌ័រស្ថិតនៅអាមេរិកឡាទីន។ ប្រទេសនេះបានអនុវត្តពិពិធកម្មលើការនាំទំនិញចេញ ហើយទទួលបានជោគជ័យដោយផ្នែក។ ភាពជោគជ័យនេះដោយសារគោលនយោបាយផ្សព្វផ្សាយ និងបញ្ជ្រាបគំនិតគាំទ្រការនាំទំនិញចេញ។ ប្រសិនបើគេនិយាយអំពីទំហំប្រាក់ចំណូលពីការនាំចេញវិញ ឃើញថានៅមានកម្រិតទាបនៅឡើយ។ រីឯមុខទំនិញទៀតសោត នៅមានចំនួនតិចតួច៕
1 comments:
Thank you very much.
Post a Comment